សំណួរដែលសួរជាញឹកញាប់
ឆ្លើយនឹងសំណួរដែលសួរញឹកញាប់អំពីការថែទាំសុខភាពមាត់ធ្មេញ ការព្យាបាល ថ្លៃសេវា និងបទពិសោធន៍ដែលអ្នកអាចរំពឹងទុកនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់។
សំណួរពីសុខភាពមាត់ធ្មេញទូទៅ
តើគួរមកពិនិត្យធ្មេញជាមួយទន្តបណ្ឌិតរៀងរាល់ប៉ុន្មានខែម្តង?
ទន្តបណ្ឌិតណែនាំឱ្យមកពិនិត្យសុខភាពមាត់ធ្មេញ និងសម្អាតធ្មេញដោយអ្នកជំនាញរៀងរាល់ 6 ខែម្តង។ សម្រាប់អ្នកជំងឺដែលមានបញ្ហាអញ្ចាញធ្មេញ ឬមានហានិភ័យខ្ពស់នៃការពុកធ្មេញ អាចត្រូវការមកពិនិត្យរៀងរាល់ 3 ទៅ 4 ខែម្តង ដើម្បីតាមដាន និងថែទាំសុខភាពមាត់ធ្មេញឱ្យបានល្អប្រសើរ។
ការសម្អាតធ្មេញមានការឈឺចាប់ទេ?
ការសម្អាតធ្មេញដោយអ្នកជំនាញ ជាទូទៅមិនបង្កឱ្យមានការឈឺចាប់នោះទេ។ អ្នកអាចមានអារម្មណ៍ស្រៀវបន្តិចក្នុងអំឡុងពេលសម្អាតកំណកកំបោរធ្មេញ ជាពិសេសប្រសិនបើមានកំណកកំបោរធ្មេញច្រើន។ ប្រសិនបើចាំបាច់ ក្រុមទន្តបណ្ឌិតអាចប្រើថ្នាំស្ពឹកលាប ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ស្រួលជាងមុនក្នុងអំឡុងពេលព្យាបាល។
ក្លិនមាត់មិនល្អ
តើមូលហេតុអ្វីបណ្តាលអោយមានក្លិនមាត់មិនល្អ?
មានមូលហេតុច្រើនយ៉ាងបណ្តាលអោយមានក្លិនមាត់មិនល្អ ប៉ុន្តែមូលហេតុចំបងបំផុតគឺ បណ្តាលពីការកើនឡើងនៃមេរោគក្នុងមាត់។ វិធីងាយស្រួលបំផុតដើម្បីការពារ ការកើនឡើងនៃមេរោគគឺត្រូវដុសធ្មេញ និងសម្អាតអណ្តាត ទាក់អំបោះតាមចន្លោះធ្មេញ និងទៅជួបពេទ្យធ្មេញអោយបានញឹកញាប់រៀងរាល់ ៦ខែម្តង។
តើខ្ញុំត្រូវធ្វើពិសោធន៏យ៉ាងដូចម្តេច ដើម្បីអោយដឹងពីក្លិនមាត់មិនល្អ?
មានវិធី ២-៣យ៉ាង ដើម្បីពិសោធន៏អោយដឹងពីក្លិនមាត់ ដែលអ្នកអាចធ្វើនៅផ្ទះដោយខ្លួនឯង។ អ្នកអាចអោយមិត្តភ័ក្រ្តជិតស្និទ្ធ ឬ មនុស្សជាទីស្រលាញ់ហិតក្លិនដង្ហើមអ្នក តែវិធីនេះអាចជាវិធីមិនងាយស្រួល ឬ អាចអោយយើងមានអារម្មណ៍ខ្មាស់អៀន។ លោកអ្នកអាចសាកល្បងលិឍខ្នងដៃខ្លួនឯង ទុកអោយទឹកមាត់ស្ងួត ហើយហិតក្លិន។ បើសិនលើខ្នងដៃមានក្លិនអាក្រក់ វាអាចជាសញ្ញានៃការធំក្លិនមាត់។ វិធីងាយមួយទៀតគឺ យកដុំសំឡីជូតអូសលើអណ្តាត ហើយហិតមើល បើសិនមានក្លិនអាក្រក់គឺអ្នកមានបញ្ហាក្លិនមាត់ហើយ។
ខ្ញុំដុសសម្អាតធ្មេញទៀងទាត់ ហេតុអ្វីបានជាខ្ញុំនៅតែមានក្លិនមាត់មិនល្អ?
ក្លិនមាត់អាក្រក់រុំារ៉ៃអាចជាសញ្ញានៃជំងឺមួយចំនួនដូចជា ជំងឺអញ្ចាញធ្មេញ ទឹកនោមផ្អែម ជំងឺបំពង់ក ឬ ជំងឺសួតជាដើម។ វាអាចបណ្តាលមកពីអាការៈស្ងួតក្នុងមាត់ ឬ ការប្រើប្រាស់ថ្នាំមួយចំនួនផងដែរ។ សូមអញ្ជើញមកជួបពេទ្យធ្មេញជំនាញ ឬពេទ្យធ្មេញទូទៅ ដើម្បីពិនិត្យក្លិនមាត់ និងធ្វើរោគវិនិច្ឆ័យដោយមានវិជ្ជាជីវៈ។
ថ្នាំខ្ពុលមាត់ដូចជាមិនអាចបំបាត់ក្លិនបាន តើខ្ញុំគួរប្រើអ្វីផ្សេងទៀត?
ថ្នាំខ្ពុលមាត់ជាច្រើនមានជាតិអាល់កុល ដែលធ្វើអោយមាត់ស្ងួតនាំអោយកើតមេរោគច្រើន និងនាំអោយមានក្លិនមាត់ដដែល។ អ្នកគួរព្យាយាមប្រើថ្នាំខ្ពុលមាត់គ្មានជាតិអាល់កុល និងដុសសម្អាតអណ្តាតផង។ អ្នកអាចរកទិញឧបករណ៏កោសសម្អាតអណ្តាតនៅតាមបណ្តាផ្សារនានា ឬមកជួបពេទ្យធ្មេញ ដើម្បីទទួលការណែនាំបន្ថែមពីវិធីបំបាត់ក្លិនមាត់។
អនាម័យមាត់ធ្មេញ
តើអនាម័យមាត់ធ្មេញមានអត្ថន័យពិតយ៉ាងណា?
ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងទំលាប់ល្អបីយ៉ាង ដែលអ្នកត្រូវធ្វើដើម្បីថែទាំធ្មេញរបស់អ្នក ៖ ដុសធ្មេញដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយរៀងរាល់ក្រោយទទួលទានអាហាររួច និង ប្រើអំបោះទាក់សម្អាតតាមចន្លោះធ្មេញ។ ញុំាចំណីអាហារ ឬភេសជ្ជៈដែលមានជាតិស្ករតិច។ ជួបពេទ្យធ្មេញ ដើម្បីពិនិត្យធ្មេញតាមពេលកំណត់រៀងរាល់ ៦ខែម្តង។ ទង្វើទាំងនេះជួយការពារអ្នកពីរោគពុកធ្មេញ ជំងឺអញ្ចាញធ្មេញ និងបញ្ហាក្លិនមាត់។ វាមិនគ្រាន់តែជួយធ្មេញរបស់អ្នកប៉ុណ្ណោះទេ គឺថែមទាំងជួយសន្សំលុយអ្នកផងដែរ។
តើឳពុកម្តាយគួរយល់ដឹងអ្វីខ្លះ អំពីសុខភាពមាត់ធ្មេញរបស់កូន?
ចំនុចគួរចងចាំដំបូង គឺថាសុខភាពមាត់ធ្មេញល្អត្រូវចាប់ផ្តើមថែទាំតាំងពីថ្ងៃទីមួយដែលក្មេងកើតមក។ សូម្បីធ្មេញមិនទាន់ដុះក៏ត្រូវមើលថែទាំអញ្ចាញធ្មេញក្មេង ដោយការជូតសម្អាតជាមួយក្រណាត់សើមទន់ ឬ ប្រើស្បៃក្រោយបំបៅកូនហើយ។ នៅពេលក្មេងៗដុះធ្មេញពន្លក គឺជាពេលត្រូវចាប់ផ្តើមដុសសម្អាតអោយគាត់។ នាំក្មេងទៅជួបពេទ្យធ្មេញនៅពេលគាត់មានអាយុគំរប់មួយខួប។ ដុសសម្អាតធ្មេញក្មេងដោយថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ។ ការថែទាំធ្មេញក្មេង គឺជាការងារសំខាន់មួយដែលអ្នកគួរយកចិត្តទុកដាក់ ដើម្បីកុំអោយមានរោគពុកធ្មេញ (ធ្មេញទឹកដោះ) ដែលជាការធានាឲ្យធ្មេញស្រុកដុះចេញមកមានលក្ខណៈត្រឹមត្រូវ។ ជួយបង្រៀនកូនអោយចេះដុសធ្មេញអោយបានត្រឹមត្រូវ នៅពេលគាត់មានអាយុប្រហែល ៦ឆ្នាំ។ នៅក្រោមអាយុនេះអ្នកត្រូវជួយគាត់នៅពេលដុសសម្អាតធ្មេញ និង ជួយទាក់អំបោះតាមចន្លោះធ្មេញបើចាំបាច់។ ពិនិត្យធ្មេញអោយបានញឹកញាប់ជាចំនុចចាំបាច់។ ដូចនេះត្រូវនាំកូនអ្នកទៅជួបពេទ្យធ្មេញយ៉ាងហោចណាស់រាល់ ៦ខែម្តង ឬមួយឆ្នាំម្តង។ ចំនុចចុងក្រោយត្រូវគិតពីចំណីអាហារណាដែលត្រឹមត្រូវ និងមិនត្រឹមតែផ្តល់នូវសុខភាពរាង្គកាយល្អប៉ុណ្ណោះទេ ថែមទាំងធ្វើអោយធ្មេញមានសុខភាពល្អផងដែរ។ អោយក្មេងញុំា ទឹក ទឹកដោះគោស្រស់ ញុំាបន្លែ និងផ្លែឈើអោយបានគ្រប់គ្រាន់ ហើយកាត់បន្ថយបរិមាណចំណីអាហារដែលមានជាតិស្ករ ឬ ស្ករគ្រាប់អោយមានកំរិតតិច និងកុំអោយញុំាញឹកញាប់ពេក។
ការជួសជុលធ្មេញឡើងវិញ
តើអ្វីទៅដែលហៅថា ការព្យាបាលធ្មេញពុក ឬប្រហោង?
ការព្យាបាលធ្មេញពុក ឬ មានប្រហោងត្រូវបានគេហៅដោយសាមញ្ញថា ប៉ះធ្មេញ ដោយសារធាតុពណ៌ខ្មៅ (Silver amalgam) ឬ ថ្នាំមានពណ៌ដូចធ្មេញធម្មជាតិ ក៏ប៉ុន្តែការស្រោបធ្មេញក៏ជាផ្នែកមួយនៃការព្យាបាលធ្មេញពុក ឬ ប្រហោងដែរ។ ការស្រោបធ្មេញអាចជួយគ្របពីលើផ្ទៃធ្មេញដិតពណ៌ ឬ ដាក់ពីលើបង្គោលធ្មេញ ឬ ធ្វើជាធ្មេញស្ពាន ដើម្បីជំនួសធ្មេញដែលបាក់។
តើមានការព្យាបាលប្រភេទផ្សេងៗទៀត ក្រៅពីការបិតធ្មេញ ស្រោបធ្មេញ និងការធ្វើជាស្ពាន ឬទេ?
ជាទូទៅក្រៅពីការស្រោបធ្មេញ ឬ ធ្វើធ្មេញស្ពាន ក៏មានការងារផ្សេងៗទៀតរួមមាន ការភ្ជាប់ធ្មេញ ការដាំបង្គោលធ្មេញ ការធ្វើធ្មេញស្និត និង បន្ទះស្តើងបិត លើផ្ទៃធ្មេញ (Dental Veneer) ។ ការពិនិត្យ - ពិភាក្សា - គំរោងព្យាបាលទូទៅ រួមទាំងការថតកាំរស្មីអុិច (X-Ray) នឹងអាចជួយពេទ្យធ្មេញអោយសំរេចចិត្តថា តើការជួសជុលប្រភេទណាដែលត្រឹមត្រូវ និងសាកសមសំរាប់អ្នក។
ការព្យាបាលរន្ធឫសធ្មេញ
តើការព្យាបាលរន្ធឬសធ្មេញមានការឈឺចាប់ទេ ?
ការព្យាបាលរន្ធឬសធ្មេញ ធ្វើឡើងដើម្បីបំបាត់ការឈឺចាប់ ដែលជួនកាលបណ្តាលមកពីការបង្ករោគ ក្នុងរន្ធឬសធ្មេញ។ ការព្យាបាលរន្ធឬសធ្មេញមិនគួរមានការឈឺចាប់ទេ ទន្តបណ្ឌិតនឹងប្រើប្រាស់ថ្នាំស្ពឹកនៅកន្លែងដែលអ្នកមានអារម្មណ៌ឈឺ។ បើអ្នកជាមនុស្សឆាប់ភ័យខ្លាច ហើយគិតថាការព្យាបាលរន្ធឬសធ្មេញធ្វើអោយឈឺ អ្នកអាចស្នើសុំអោយគ្រូពេទ្យប្រើថ្នាំសន្តំ។
ហេតុអ្វីខ្ញុំត្រូវការព្យាបាលរន្ធឬសធ្មេញ បើធ្មេញខ្ញុំមិនឈឺផង ?
ការមិនឈឺចាប់មិនមែនមានន័យថាសុទ្ធតែមានសុខភាពល្អសំរាប់ធ្មេញអ្នកនោះទេ។ តាមពិតមានធ្មេញជាច្រើនដែលត្រូវការព្យាបាលរន្ធឬសធេ្មញ ហើយមិនបង្កអោយមានការឈឺចាប់ទេ។ ទន្តបណ្ឌិត ឬអ្នកឯកទេសផ្នែករន្ធឬសធេ្មញ នឹងត្រូវធ្វើការពិនិត្យធ្មេញដោយប្រុងប្រយ័ត្ន ដើម្បីវាយតំលៃលើសុខភាព បណ្តូលធ្មេញដែលនៅខាងក្នុងធ្មេញ ដើម្បីសំរេចថា តើត្រូវព្យាបាលរន្ធឬសធ្មេញ ឬអត់? តាមធម្មតា ការថតកាំរស្មីអិុច អាចជួយអោយពិនិត្យមើលបានច្រើនករណី។
ខ្ញុំមានធ្មេញមួយបែកនោះមានន័យថា ខ្ញុំត្រូវការព្យាបាលរន្ធឬសធ្មេញមែនទេ ?
មិនចាំបាច់គ្រប់ករណីទេ។ ប៉ុន្តែបើធ្មេញបែកធ្លាយចេញបណ្តូលធ្មេញធ្វើអោយឈឺ ហើយមេរោគឆ្លងចូលក្នុងបណ្តូលធ្មេញនោះ ចាំបាច់ត្រូវព្យាបាលជាញឹកញាប់បើមានសញ្ញានៃការឈឺចាប់លើធ្មេញ គឺបង្ហាញពីការបង្ករោគក្នុងរន្ធឬសធ្មេញ ប៉ុន្តែជួនកាលអ្នកគ្មានសញ្ញាឈឺចាប់អ្វីទាំងអស់។ បើមានគំនរធ្មេញបែកត្រូវអោយគ្រូពេទ្យពិនិត្យមើល ទោះបីមិនមានការឈឺចាប់ពេលនេះ តែអាចឈឺនៅពេលក្រោយ។
ហេតុអ្វីមិនដកធ្មេញបង្ករោគនោះចោលទៅ ?
បើសិនមិនមានលទ្ធភាពជួយបានត្រូវដកចោល។ បើអាចជួយបាន គួររក្សាទុកធ្មេញធម្មជាតិ។ ដកធ្មេញមួយចោលបង្កើតចន្លោះមួយកន្លែង ហើយធ្មេញជិតខាងនោះអាចរំកិលខុសកន្លែងដើម។ ការព្យាបាលរន្ធឬសរក្សាធ្មេញ អ្នកអាចជៀសវាងពីការដាំបង្គោលធ្មេញក្នុងឆ្អឹង ឬ ធ្វើធ្មេញស្ពាន ដែលកិច្ចការទាំងពីរនេះត្រូវចំណាយថវិកាច្រើន។
ការព្យាបាលជំងឺអញ្ចាញធ្មេញ
ពេលខ្លះអញ្ចាញធ្មេញរបស់ខ្ញុំចេញឈាម។ តើវាបញ្ជាក់ថាខ្ញុំមានជម្ងឺអញ្ចាញធ្មេញឬ ?
បើសិនជាអញ្ចាញធ្មេញរបស់អ្នកចេញឈាម អ្នកប្រហែលជាមានជំងឺអញ្ចាញធ្មេញ ហើយបើសិនអញ្ចាញធ្មេញរបស់អ្នកឈឺ ក៏បញ្ជាក់ថាអ្នកមានបញ្ហាអញ្ចាញធ្មេញដែរ។ ដើម្បីបញ្ចាក់ឲ្យបានច្បាស់ អ្នកគួរទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យមើល។ ដូច្នេះក្នុងករណី ដែលឈាមអញ្ចាញធ្មេញដោយសារតែរលាកអញ្ចាញធ្មេញ (Gingivitis) វាងាយស្រួលក្នុងការព្យាបាល ដោយគ្រាន់តែលាងសម្អាតធ្មេញនៅមន្ទីរពេទ្យធ្មេញ និងធ្វើអនាម័យមាត់ធ្មេញអោយបានល្អ។ ពេលខ្លះទៀតវាអាចធ្ងន់ធ្ងរជាង ក្នុងករណីដែលឈាមអញ្ចាញធ្មេញ ហើយស្រកឆ្អឹងទៀត (Periodontitis) ។
ខ្ញុំតែងតែសម្អាតធ្មេញដោយប្រើច្រាស និងខ្សែទាក់តាមចន្លោះធ្មេញ ប៉ុន្តែហេតុអ្វីខ្ញុំនៅតែមានជម្ងឺអញ្ចាញធ្មេញ ?
ពីព្រោះមានកត្តាច្រើនទៀត ដែលបង្កអោយមានជម្ងឺអញ្ចាញធ្មេញ ក្រៅពីមិនដុសសម្អាតធ្មេញ មិនប្រើខ្សែទាក់តាមចន្លោះធ្មេញ និងមិនមកពិនិត្យធ្មេញអោយបានទៀងទាត់ ដូចជាទាក់ទងហ្សែន បំរែបំរួលអរម៉ូន ជម្ងឺទឹកនោមផ្អែម ការមានផ្ទៃពោះ ការជក់បារី និងភាពមិនអឹបល្អនៃធ្មេញសិប្បនិម្មិតក្នុងមាត់ ។
តើការរលាកអញ្ចាញធ្មេញ (Gingivitis) និង ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង (Periodontitis) ខុសគ្នាដូចមេ្តច ?
ការរលាកអញ្ចាញធ្មេញ (Gingivitis) និង ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង (Periodontitis) ជាជម្ងឺអញ្ចាញធ្មេញពីរប្រភេទខុសគ្នា ដែល Gingivitis តំណាងអោយដំណាក់កាលដំបូង និង Periodontitis ជាដំណាក់កាលធ្ងន់ធ្ងរ ។ ក្នុងដំណាក់ជម្ងឺអញ្ចាញធ្មេញឡើងក្រហម ហើម ហើយចេញឈាម ដែលគេហៅថា Gingivitis វាអាចត្រឡប់ មករកសភាពដើមវិញដោយគ្រាន់តែសម្អាតធ្មេញ និងធ្វើអនាម័យមាត់ធ្មេញអោយស្អាត។ ផ្ទុយទៅវិញ បើគ្មានការយកចិត្តទុកដាក់ត្រឹមត្រូវ Gingivitis (ការរលាកអញ្ចាញធ្មេញ) អាចវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរដែលហៅថា Periodontitis (ការហូរឈាមតាមអញ្ចាញធ្មេញហើយស្រកឆ្អឹង) ។ ក្នុងករណីនេះ អញ្ចាញធ្មេញមិនត្រឹមតែចេញឈាមទេ ប៉ុន្តែអញ្ចាញស្រក ធ្មេញរង្គើ និង ធ្វើអោយធ្មេញជ្រុះក៏មានដែរ។ ដើម្បីព្យាបាលជម្ងឺអញ្ចាញ ប្រភេទនេះ យើងត្រូវទៅជួបគ្រូពេទ្យធ្មេញដើម្បីសម្អាតធ្មេញ និងកោសសម្អាតឬសធ្មេញផងដែរ។ ជាមួយគ្នានេះត្រូវមកពិនិត្យធ្មេញអោយបានទៀងទាត់ និងធ្វើអនាម័យមាត់ធ្មេញអោយបានល្អ។
តើការសម្អាតធ្មេញ និងកោសសម្អាតឬសធ្មេញជាអ្វី (Scaling & Root Planning) ?
ការសម្អាតធ្មេញ (Scaling) និងការកោសសម្អាតឬសធ្មេញ (Root Planning) ជាប្រភេទនៃការព្យាបាលជម្ងឺអញ្ចាញមុនវិវត្តទៅដំណាក់កាលធ្ងន់ធ្ងរ (Periodontitis)។ វាជាវិធីព្យាបាលមួយដែលប៉ះពាល់ដល់អញ្ចាញតិចតួចបំផុត ព្រោះពុំចាំបាច់ធ្វើការវះកាត់ ហើយការព្យាបាលនេះ គឺគ្រាន់តែប្រើម៉ាស៊ីនដែលធ្វើអោយរំញ័រ (Ultrasoric Scaler) នឹងសំភារៈដែលប្រើដោយដៃមួយចំនួន។ សំភារៈទាំងនេះ ប្រើដើម្បីសម្អាតធ្មេញ និងយកចេញនូវកំបោរធ្មេញដែលស្ថិតនៅក្បែរអញ្ចាញធ្មេញ និង នៅលើឬសធ្មេញ ហើយក៏ប្រើដើម្បី អោយឬសធ្មេញរលោងកុំអោយជាប់មេរោគ។
ព្យាបាលធ្មេញកុមារ
តើគេប្រើការវះកាត់ដើម្បីព្យាបាលជម្ងឺអញ្ចាញធ្មេញឬទេ ?
ជាទូទៅ គេប្រើការវះកាត់ក្នុងករណីដែលជម្ងឺអញ្ចាញធ្មេញមិនជាសះស្បើយនៅពេលធ្វើ Scaling & Root Planning ។ ការវះកាត់គឺមាន ៤ ដំណាក់កាលគឺ៖ វិធីសាស្រ្តកាត់បន្ថយជំរៅ Pocket (Pocket Reduction) វិធីសាស្រ្តបង្កើតជាលិកាឡើងវិញ (Regenerative Procedure) វិធីសាស្រ្តបង្កើនប្រវែងតួធ្មេញ (Crown Lengthening) វិធីសាស្រ្តបណ្តុះជាលិកាទន់ឡើងវិញ (Soft tissue graft)
ធ្មេញកុមារ
តើកូនរបស់ខ្ញុំគួរមកជួបទន្តបណ្ឌិតលើកដំបូងនៅអាយុប៉ុន្មាន?
យើងណែនាំឱ្យកុមារមកជួបទន្តបណ្ឌិតជាលើកដំបូង នៅពេលធ្មេញដំបូងចាប់ផ្តើមដុះ ឬយ៉ាងយូរត្រឹមថ្ងៃខួបកំណើតអាយុ 1 ឆ្នាំ។ ការមកពិនិត្យតាំងពីវ័យក្មេង ជួយឱ្យកុមារស៊ាំជាមួយបរិយាកាសគ្លីនិកធ្មេញ និងមានអារម្មណ៍សុខស្រួលក្នុងការមកជួបទន្តបណ្ឌិតនាពេលអនាគត។ លើសពីនេះ វាក៏ជួយឱ្យទន្តបណ្ឌិតអាចរកឃើញ និងដោះស្រាយបញ្ហាសុខភាពមាត់ធ្មេញបានទាន់ពេលវេលា មុនពេលបញ្ហាទាំងនោះកាន់តែធ្ងន់ធ្ងរ។
ការពត់តម្រង់ធ្មេញ
តើ “ឧបករណ៍ពត់តម្រង់ធ្មេញមើលស្ទើរមិនឃើញ” គឺជាអ្វី?
ឧបករណ៍ពត់តម្រង់ធ្មេញមើលស្ទើរមិនឃើញ ត្រូវបានប្រើសម្រាប់ពិពណ៌នាអំពីមធ្យោបាយពត់តម្រង់ធ្មេញសម័យថ្មី ដែលមានរូបរាងស្រស់ស្អាត និងមើលទៅធម្មជាតិជាងឧបករណ៍ដែកពត់ធ្មេញ។ ប្រភេទមួយដែលគេនិយមហៅថា «មើលស្ទើរមិនឃើញ» គឺឧបករណ៍សេរ៉ាមិចពត់ធ្មេញ (Ceramic Braces)។ ចំណែកឯ «ពុម្ពជ័រថ្លាពត់តម្រង់ធ្មេញ» (Clear Aligners) មានលក្ខណៈខុសពីឧបករណ៍ដែកពត់ធ្មេញបែបប្រពៃណីទាំងស្រុង។ វាត្រូវបានផលិតពីជ័រថ្លាពិសេស និងអាចប្រើជំនួសឧបករណ៍ដែកពត់ធ្មេញក្នុងករណីសមស្របជាច្រើន។
តើការពត់តម្រង់ធ្មេញប្រភេទណាដែលសាកសមសម្រាប់យុវវ័យ?
ការពត់តម្រង់ធ្មេញភាគច្រើនសុទ្ធតែសាកសមសម្រាប់មនុស្សគ្រប់វ័យ រួមទាំងយុវវ័យផងដែរ។ ទោះជាយ៉ាងណា ប្រភេទឧបករណ៍ពត់តម្រង់ធ្មេញដែលសមស្របបំផុត អាស្រ័យលើបញ្ហាធ្មេញជាក់លាក់របស់អ្នក កម្រិតនៃការកែតម្រូវដែលត្រូវការ និងថវិការបស់អ្នក។ ទន្តបណ្ឌិតឯកទេសផ្នែកពត់តម្រង់ធ្មេញនឹងធ្វើការពិនិត្យ និងណែនាំជម្រើសដែលសាកសមបំផុតសម្រាប់អ្នក។
តើខ្ញុំគួរដឹងអ្វីខ្លះ មុនពេលសម្រេចចិត្តពត់តម្រង់ធ្មេញ?
ដំណើរការពត់តម្រង់ធ្មេញចាប់ផ្តើមដោយការពិនិត្យ និងវាយតម្លៃយ៉ាងលម្អិតដោយទន្តបណ្ឌិតឯកទេសផ្នែកពត់តម្រង់ធ្មេញ។ ទន្តបណ្ឌិតនឹងសាកសួរអំពីប្រវត្តិនៃការព្យាបាល និងសុខភាពមាត់ធ្មេញរបស់អ្នក ព្រមទាំងធ្វើការពិនិត្យធ្មេញ ថ្គាម និងទម្រង់មុខ ដោយប្រើការថតកាំរស្មីអ៊ិចពេញមាត់ ការថតកាំរស្មីអ៊ិចផ្នែកក្បាល និងថ្គាម (Cephalometric X-ray) ការខាំពុម្ពធ្មេញ និងការថតរូប។ ព័ត៌មានទាំងនេះនឹងជួយឱ្យទន្តបណ្ឌិតកំណត់ប្រភេទនៃបញ្ហាការខាំរបស់អ្នក ដូចជា ធ្មេញខាងលើលយខ្លាំង ធ្មេញថ្គាមក្រោមលយ (Class III) ឬធ្មេញខាំមិនត្រូវគ្នា និងបញ្ហាផ្សេងៗទៀត។ បន្ទាប់មក ទន្តបណ្ឌិតនឹងវិភាគព័ត៌មានទាំងអស់ និងរៀបចំផែនការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នក។ អាស្រ័យលើស្ថានភាពសុខភាពមាត់ធ្មេញរបស់អ្នក អ្នកអាចត្រូវការសម្អាតធ្មេញ ដកធ្មេញ ព្យាបាលអញ្ចាញធ្មេញ ឬប៉ះធ្មេញជាមុនសិន មុនពេលចាប់ផ្តើមការពត់តម្រង់ធ្មេញ។ ជាទូទៅ ការព្យាបាលពត់តម្រង់ធ្មេញត្រូវការរយៈពេលប្រហែលពី ១ ឆ្នាំកន្លះ ទៅ ២ ឆ្នាំ ដើម្បីទទួលបានលទ្ធផលល្អបំផុត។
តើការពត់តម្រង់ធ្មេញមានតម្លៃប៉ុន្មាន?
តម្លៃនៃការពត់តម្រង់ធ្មេញអាស្រ័យលើប្រភេទនៃការព្យាបាល និងស្ថានភាពធ្មេញរបស់អ្នក។ ជាទូទៅ ឧបករណ៍ដែកពត់ធ្មេញមានតម្លៃចាប់ពី 2,300 ដុល្លារ ឧបករណ៍សេរ៉ាមិចពត់ធ្មេញមានតម្លៃចាប់ពី 2,800 ដុល្លារ និង CA® Clear Aligners មានតម្លៃចាប់ពី 1,000 ដុល្លារ។ ចំណែក Invisalign® មានតម្លៃប្រហែលពី 5,000 ដុល្លារ ដល់ 9,000 ដុល្លារ អាស្រ័យលើភាពស្មុគស្មាញនៃករណីនីមួយៗ។ ការពិគ្រោះជាមួយទន្តបណ្ឌិតឯកទេសផ្នែកពត់តម្រង់ធ្មេញ នឹងជួយកំណត់ជម្រើសនៃការព្យាបាលដែលសមស្របបំផុតសម្រាប់អ្នក។
ដាំបង្គោលធ្មេញ
តើការដាំបង្គោលធ្មេញត្រូវការរយៈពេលប៉ុន្មាន?
ការដាក់បង្គោលធ្មេញជាធម្មតាអាចធ្វើបានក្នុងការណាត់ជួបតែមួយ ដោយចំណាយពេលប្រហែល 1 ទៅ 2 ម៉ោង។ បន្ទាប់ពីដាក់បង្គោលធ្មេញរួច ត្រូវរង់ចាំរយៈពេលប្រហែល 3 ទៅ 6 ខែ ដើម្បីឱ្យបង្គោលធ្មេញភ្ជាប់ជាប់ជាមួយឆ្អឹងថ្គាមបានល្អ មុនពេលដាក់ធ្មេញស្រោបអចិន្ត្រៃយ៍។ ក្នុងករណីខ្លះ អ្នកជំងឺអាចទទួលបានធ្មេញបណ្តោះអាសន្ននៅថ្ងៃតែមួយជាមួយនឹងការដាក់បង្គោលធ្មេញ អាស្រ័យលើស្ថានភាពសុខភាពមាត់ធ្មេញ និងការវាយតម្លៃរបស់ទន្តបណ្ឌិត។
តើការដាំបង្គោលធ្មេញល្អជាងធ្មេញស្និតដែរឬទេ?
ធ្មេញស្និតគឺជាជម្រើសមួយសម្រាប់ជំនួសធ្មេញដែលបាត់ ហើយជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា ធ្មេញស្និតសម័យថ្មីក៏មានរូបរាងស្រស់ស្អាត និងមើលទៅធម្មជាតិជាងមុនផងដែរ។ ទោះជាយ៉ាងណា ការដាំបង្គោលធ្មេញមានគុណសម្បត្តិមួយចំនួនដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកជំងឺជាច្រើន។ បង្គោលធ្មេញផ្តល់នូវអារម្មណ៍ស្រដៀងនឹងធ្មេញធម្មជាតិ ដោយសារវាត្រូវបានភ្ជាប់ជាប់ជាអចិន្ត្រៃយ៍ទៅនឹងឆ្អឹងថ្គាម។ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីការរអិល ឬជ្រុះចេញពេលនិយាយ ឬទំពារអាហារឡើយ ហើយជាទូទៅវាផ្តល់នូវផាសុកភាព និងទំនុកចិត្តខ្ពស់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
កែសម្ភស្សធ្មេញ
តើការធ្វើធ្មេញឱ្យសមានសុវត្ថិភាពដែរឬទេ?
បាទ/ចាស។ ការធ្វើធ្មេញឱ្យសក្រោមការត្រួតពិនិត្យរបស់ទន្តបណ្ឌិត គឺមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ នៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ យើងប្រើប្រាស់ប្រព័ន្ធធ្វើធ្មេញឱ្យស Beyond® Whitening ដែលត្រូវបានបញ្ជាក់ដោយការសិក្សាផ្នែកវេជ្ជសាស្ត្រ និងជួយកាត់បន្ថយអាការស្រៀវធ្មេញបានយ៉ាងមានប្រសិទ្ធភាព។
ធេ្មញខ្ញុំដិតពណ៌ដោយការប្រើថ្នាំតេត្រាសីុលីន (Tetracycline) តើអាចជួយធ្វើអោយធ្មេញខ្ញុំសបានឬទេ?
ជាអកុសល ថ្នាំដែលធ្វើអោយធ្មេញស មិនមានប្រសិទ្ធភាពលើធ្មេញដែលដិតពណ៌ដោយសារថ្នាំប្រភេទនោះទេ។ ចំពោះករណីមួយចំនួនបើយើងធ្វើធ្មេញអោយសនេះច្រើនដង អាចជួយកែសំរួលពណ៌បានប្រសើរជាងមុន ប៉ុន្តែលទ្ធផលអាចមិនបានល្អគួរជាទីពេញចិត្តទេ។ ការធ្វើស្រទាប់ស្តើងបិតពីលើធ្មេញ (Composite Veneer) អាចគ្របពីលើផ្ទៃដែលដិតពណ៌ ធ្មេញដុះមិនត្រង់ជួរ មានចន្លោះតូច និង ធ្មេញបែកខាងចុង នេះគឺជាមធ្យោបាយមួយជំនួយអោយធ្មេញសស្អាតភ្លាមៗ។
តើខ្ញុំគួរជ្រើសយកការធ្វើធ្មេញអោយស ដោយការធ្វើនៅផ្ទះដោយខ្លួនឯង ឬ ការធ្វើនៅក្នុងមន្ទីរពេទ្យ ឬ គ្លីនិកធ្មេញ ?
វាផ្អែកទៅលើថវិការរបស់អ្នក គោលបំណងរបស់អ្នក និង ការសំរេចចិត្ត ចំណង់ចំណូលចិត្តរបស់អ្នក ។ សម្រាប់អ្នកមានបញ្ហាថវិការ ជំរើសនៃការធ្វើធ្មេញអោយស ដែលល្អបំផុតគឺការយកទៅធ្វើនៅផ្ទះ ប្រើថ្នាំដែលអាចយកទៅធ្វើដោយខ្លួនឯង អាចធ្វើធ្មេញអោយសស្អាតក្នុងអំឡុងពេលមើលទូរទស្សន៏ ឬ ពេលទំនេរ។ លទ្ធផលប្រើរយៈពេលវែងបន្តិច ហើយមិនអាចមើលឃើញសភ្លាមៗទេ ប៉ុន្តែថ្នាំយកទៅធ្វើនៅផ្ទះមានភាពងាយស្រួល មានប្រសិទ្ធភាព និង ចំណាយតិច ។ បើអ្នកចង់អោយមានការផ្លាស់ប្តូរពណ៌ភ្លាមៗ ការធ្វើអោយសដោយមានប្រើពន្លឺភ្លើងឡាហ្សែរ គឺជាការប្រសើរបំផុត ដែលធ្វើដោយគ្រូពេទ្យ នៅលើកៅអីព្យាបាលធ្មេញ និងមានការត្រួតពិនិត្យ សុវត្ថិភាព និង ទទួលបានលទ្ធផលដ៏ល្អ ។ ជាការប្រសើរណាស់ចំពោះការធ្វើធ្មេញអោយសមុន ពេលចូលរួមកម្មវិធីពិសេសៗ ធ្វើដើម្បីភាពស្រស់ស្អាតសម្រាប់ខ្លួនឯង ឬ ដើម្បីគូរស្នេហ៏ជាទីស្រឡាញ់របស់អ្នក ។
តើការធ្វើធ្មេញអោយស មានការឈឺចាប់ឬទេ ?
បើអ្នកមានធ្មេញស្រៀវ អ្នកអាចនឹងមានអារម្មណ៏មិនសូវស្រួលក្នុងពេល និងក្រោយពេលធ្វើដោយឡាហ្សែរ ។ ការធ្វើធ្មេញអោយសនៅកន្លែងគ្រូពេទ្យ ឬធ្វើដោយខ្លួនឯងនៅផ្ទះ អាចមានភាពស្រៀវស្រគាបន្តិចបន្តួច ។ ប៉ុន្តែពេលនេះគ្រូពេទ្យអាចអោយថ្នាំលាបលើធ្មេញ (Tooth Mousse©) យកទៅប្រើប្រាស់ មុនមួយអាទិត្យ និងក្រោយការធ្វើអោយសមួយអាទិត្យ ដើម្បីការពារភាពស្រៀវធ្មេញ ។ ដើម្បីអោយមានសុវត្ថិភាពគួរពិគ្រោះជាមួយគ្រូពេទ្យជាមុន គាត់អាចជួយសំរេចចិត្តថា តើអាចធ្វើអោយសតែម្តង និងប្រើថ្នាំបំបាត់ស្រៀវតាមក្រោយ ឬត្រូវប្រើវិធីណាមួយដើម្បីអោយធ្មេញសស្អាត។ ព័ត៌មានបន្ថែមទាក់ទង៖ ការកែសម្ជស្សធ្មេញ និងធ្វើឲ្យធ្មេញសស្អាត
សុខភាពទូទៅ
តើខ្ញុំធ្វើយ៉ាងណា ដើម្បីអោយសុខភាពមាត់ធ្មេញខ្ញុំបានល្អប្រសើរ?
ត្រូវដុសសម្អាតធ្មេញរៀងរាល់ក្រោយញុំាអាហាររួច ដោយប្រើថ្នាំដុសធ្មេញមានជាតិផ្លរអររ៉ាយ ប្រើអំបោះទាក់តាមចន្លោះធ្មេញអោយបានញឹកញាប់។ កុំញុំាអាហារ ឬ ភេសជ្ជៈផ្អែមញឹកញាប់ពេក និងសូមមកជួបពេទ្យធ្មេញរៀងរាល់ ៦ខែម្តង។
តើមានការណែនាំពីសុខភាពមាត់ធ្មេញ ពិសេសសំរាប់ស្រ្តីឬទេ?
បើអ្នកមានគំរោងមានផ្ទៃពោះ ជាការចាំបាច់ត្រូវពិនិត្យសុខភាពទូទៅ និងសុខភាពមាត់ធេ្មញជាមុនសិន។ ម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អ អាចការពារបាននូវជំងឺអញ្ចាញធ្មេញ ដែលជាជំងឺមួយអាចបណ្តាលអោយស្រ្តីសំរាលកូនមុនកំណត់។ ក្នុងពេលមានផ្ទៃពោះ ស្រ្តីងាយទទួលរងជំងឺរលាកអញ្ចាញធ្មេញ ដូចនេះការការពារសុខភាពមាត់ធេ្មញល្អជាការងារសំខាន់។ ស្រ្តីគួរញុំាអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីនឌី និងផូសស្វរ។ គួរជៀសវាង ឬកាត់បន្ថយជាតិប្រៃ បញ្ឈប់ការជក់បារី សូមធ្វើលំហាត់ប្រាណអោយបានទៀងទាត់។
តើរោគទឹកនោមផ្អែមទាក់ទងអ្វីខ្លះជាមួយសុខភាពមាត់ធ្មេញ?
អ្នកមានជំងឺទឹកនោមផ្អែមងាយបណ្តាលអោយមានជំងឺអញ្ចាញធ្មេញ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពមាត់ធ្មេញ និងសុខភាពទូទៅរបស់យើង។ មនុស្សមានជំងឺទឹកនោមផ្អែម ងាយនឹងកើតជំងឺរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ដែលអាចរារាំងកំរិតជាតិស្ករក្នុងឈាម ហើយអាចប៉ះពាល់ដល់ការគ្រប់គ្រង ជំងឺទឹកនោមផ្អែមរបស់គេ។ ការសិក្សាជាច្រើនបង្ហាញថា ជំងឺសរសៃឈាមបេះដូង និង ជំងឺដាច់សរសៃឈាមនាំអោយពិការ អវៈយវៈ អាចបណ្តាលពីមេរោគដែលបង្កជំងឺរលាកជុំវិញកោសិកាធ្មេញផងដែរ។ បកស្រាយដោយ ៖ ទន្តបណ្ឌិត ជាម រដ្ឋា មានបទពិសោធន៍ជាង 8 ឆ្នាំ នៅ រំចង់ គាត់បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យនៅសកលវិទ្យាល័យអន្តជាតិ និងបានទទួលការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញពត់តម្រង់ធ្មេញនៅ POS ព្រមទាំងទទួលបានសញ្ញាបត្រពី Asia Pacific Dental Federation Organization នឹងកំពុងបម្រើការងារនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្រ្តមានគុណភាព និងស្តង់ដារខ្ពស់នៅកម្ពុជា
តើគួររង់ចាំរយៈពេលប៉ុន្មានបន្ទាប់ពីថតកាំរស្មីអ៊ិច (X-ray) មុនពេលចាប់ផ្តើមរៀបចំមានផ្ទៃពោះ?
វាមិនចាំបាច់ទេក្នុងការរង់ចាំបន្ទាប់ពីថតកាំរស្មីអ៊ិច (X-ray) មុនពេលរៀបចំមានផ្ទៃពោះ។ ការថតកាំរស្មីអ៊ិចធ្មេញ ជាទូទៅមានសុវត្ថិភាព សូម្បីតែក្នុងករណីដែលត្រូវការព្យាបាលបន្ទាន់អំឡុងពេលមានផ្ទៃពោះក៏ដោយ។ ទោះជាយ៉ាងណា វាជាការល្អប្រសើរដែលអ្នកជំងឺមកពិនិត្យ និងថតកាំរស្មីអ៊ិចធ្មេញមុនពេលរៀបចំមានផ្ទៃពោះ ដើម្បីរកឱ្យឃើញបញ្ហាសុខភាពមាត់ធ្មេញដែលអាចមាន។ ប្រសិនបើរកឃើញបញ្ហាណាមួយ គួរទទួលការព្យាបាលឱ្យបានរួចរាល់ជាមុនសិន មុនពេលមានផ្ទៃពោះ។
អន្តរជាតិ
តើមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ផ្តល់សេវាព្យាបាលដល់អ្នកជំងឺមកពីក្រៅប្រទេសដែរឬទេ?
បាទ/ចាស។ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ផ្តល់សេវាព្យាបាលដល់អ្នកជំងឺមកពីជាង 20 ប្រទេសជុំវិញពិភពលោក។ ក្រុមការងាររបស់យើងអាចទំនាក់ទំនងបានជាភាសាខ្មែរ អង់គ្លេស ចិន (ម៉ាន់ដារីន) បារាំង អាល្លឺម៉ង់ និងជប៉ុន។ យើងក៏អាចជួយសម្របសម្រួលការធ្វើដំណើរ និងការស្នាក់នៅ ដើម្បីធ្វើឱ្យបទពិសោធន៍ព្យាបាលរបស់អ្នកនៅកម្ពុជាកាន់តែងាយស្រួល និងមានផាសុកភាព។
ការទូទាត់
តើមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ទទួលការទូទាត់តាមវិធីណាខ្លះ?
យើងទទួលការទូទាត់ជាសាច់ប្រាក់ (រៀល និងដុល្លារអាមេរិក) តាមរយៈកាត Visa, Mastercard, ការផ្ទេរប្រាក់តាមធនាគារ និងការទូទាត់ដោយស្កេន QR Code។ យើងក៏សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងធំៗជាច្រើនផងដែរ។
នៅមានសំណួរបន្ថែមមែនទេ?
ក្រុមការងាររបស់យើងរីករាយក្នុងការជួយអ្នក — សូមទាក់ទងមកយើងបានគ្រប់ពេល
សូមទាក់ទងមកយើងខ្ញុំ